តម្រា សមពង្ស
សិទិ្ធការ្យ នឹងនិយាយអំពីតម្រាសមពង្ស ដែលហៅថា � វិវាហមង្គល � អោយបុរសស្ត្រី រួមមេត្រី ស៊ីចុកបុកទំពាជាមួយគ្នាបានបុត្រធីតា មានទ្រព្យភោគា យសស័ក្ដិ បរិវារ នោះលោកអោយមើលតម្រាសម ពង្ស ដូចតទៅនេះ ។
សមពង្ស ឆ្នាំកំណើត
* ទេវតាប្រុស នឹងទេវតាស្រី នៅជាមួយគ្នាល្អណាស់នឹងមានបុត្រជាទីស្រឡាញ់ ។
* ទេវតាប្រុស នឹងមនុស្សស្រី នៅជាមួយគ្នាជាមធ្យម នឹងមានបុត្រម្នាក់ ច្រើនកើតវិវាទទាស់ទែងគ្នា ព្រាត់ប្រាស់ទៅ ហើយទើបជួបជុំគ្នាវិញដូចកាលព្រះរាមនឹងនាងសេតា ។
* មនុស្សប្រុស នឹងទេវតាស្រី នៅជាមួយគ្នាល្អ នឹងមានកូនចៅ ដំបូងស្រឡាញ់គ្នា ក្រោយមកត្រូវ ព្រាត់ប្រាស់ ទីបំផុតទើបជួបគ្នាវិញ ដូចព្រះសុធន នឹងនាងកែវមនោរា ។
* ទេវតាប្រុស នឹងយក្ខិនី នៅរួមគ្នាជាមធ្យម នឹងមានបុត្រធីតា តែច្រើនទាស់ទែងខ្វែងគំនិត ប្រឆាំង រឹទ្ធិតែរៀងខ្លួន ។
* មនុស្សប្រុស នឹងមនុស្សស្រី នៅរួមគ្នាប្រសើរណាស់ ជាមហាបរមសុខ អាយុយឺនយូរ មានបុត្រធីតា កើតលាភផលច្រើន ។
* មនុស្សប្រុស នឹងយក្ខិនី នៅរួមគ្នាជាទីស្រឡាញ់ ពីដើមដៃដល់ចុងដៃ ត្រូវព្រាត់ប្រាស់ ដូចព្រះរថ នឹងនាងមេរី ។
* យក្ស នឹងមនុស្សប្រុស នៅរួមគ្នាមិនល្អ ដំបូងស្រឡាញ់គ្នាមានបុត្រ ក្រោយត្រូវព្រាត់ ដូចកាល កុ័ម្ពណ្ឌ នឹងនាងកេសរសុមន្ទា ។
* យក្ស នឹងយក្ខិនី នៅរួមគ្នាល្អ មានបុត្រធីតាច្រើន តែកើតទាស់ទែងខ្វែងគំនិតវិវាតគ្នាញយៗ ។
សមពង្ស អាយុ
* សិទ្ធិការ្យ បើចង់ដឹងសមពង្សរបស់បុរសស្ត្រីទាំងសង់ខាងនោះ លោកអោយយកអាយុអ្នកណាច្រើន តាមខាងលើ ហើយយកអាយុអ្នកតិច តាំងខាងក្រោយ រួចហើយត្រូវយកចំនួនទាំងពីរនេះសងនឹងគ្នាតាមវិធី លេខសង ឃើញចំនួនសល់ប៉ុន្មាន ត្រូវទាយដូចតទៅនេះ : បើសល់លេខ ១-២-៥-៩ នឹងស្រឡាញ់គ្នារហូត ដូចមាតាបិតា នឹងបុត្រធីតា ។
* សល់លេខ ៣-៤-៦ នឹងស្រឡាញ់ដូចមិត្តភក្តិកិច្ចការដទៃ ។
* សល់លេខ ៧-៨-១០ នឹងទាស់ទែងវាយដំគ្នាជាប្រាកដ ។
* សល់លេខ ១១-១២-១៣ នឹងច្រើនតែខ្វែងគំនិតជជែកគ្នារឿយៗ ។
* សល់លេខ ១៤-១៥-១៦ ច្រើនតែបាក់បែកព្រាត់ប្រាស់គ្នា ។
* សល់លេខ ១៧-១៨-១៩ នឹងកើតវិវាទជេររំលើកកេរ្តិ៍គ្នា ។
សមពង្ស នាគ
* សិទ្ធិការ្យ បើចង់ទាយតាមសមពង្សនាគ ប្រុសអោយរាប់ពីជូតមុន ចាប់តាំងពីក្បាលរាងទៅកន្ទុយ នាគ រហូតដល់ឆ្នាំកំណើត បើស្រីអោយពីកន្ទុយរាងមកក្បាលវិញ គឺរាប់ពីឆ្នាំជូតរហូតដល់ឆ្នាំកំណើតដូចគ្នា។ កាលបើឆ្នាំកំណើតនៅត្រង់ សូន្យណា ក្នុងរូបនាគណា អោយទាយដូចតទៅនេះ : បើនៅត្រង់ក្បាលនាគទាំងពីរនាក់ ខ្លួននាគជាមួយគ្នា ល្អណាស់ នៅរួមគ្នាសុខសប្បាយរហូតដល់ ចាស់ ហើយថ្កុំថ្កើងផង ។
* បើនៅត្រង់ក្បាលនាគទាំងពីរ ប៉ុន្តែខ្លួននាគផ្សេងគ្នា ទាយថាច្រើនតែបែកបាក់ព្រាត់ប្រាស់គ្នា មិន បានសុខសប្បាយទេ ។
* បើនៅត្រង់កន្ទុយនាគទាំងពីរនាក់ ខ្លួននាគជាមួយគ្នា ល្អដែរ នៅរួមគ្នានឹងសុខដុមរម្យនា តែនឿយ បន្តិច ។
* បើនៅកន្ទុយនាគទាំងពីរនាក់ ខ្លួននាគផ្សេងគ្នា មិនល្អឡើយច្រើនបែកបាក់គ្នា ។
* បើយនៅត្រង់កណ្ដាលខ្លួននាគទាំងពីរនាក់ រូបនាគជាមួយគ្នាទៀតទាយថា ល្អណាស់ មានទ្រព្យ សម្បត្តិច្រើន ។
* បើនៅត្រង់កណ្ដាលខ្លួននាគទាំងពីរនាក់ រូបនាគផ្សេងគ្នា មិនល្អទេ នៅជាមួយគ្នាមិនបានយឺនយូរ ឡើយ ។
* បើម្នាក់នៅក្បាល ម្នាក់នៅកន្ទុយនាគ រូបនាគជាមួយជាគ្នា ល្អបង្គួរ ។
* បើនៅត្រង់កណ្ដាលខ្លួនទាំងពីរនាក់ រូបនាគជាមួយ ហើយរូបសូន្យតែមួយ មិនសូវល្អ ស្រុះចិត្តគ្នា តែច្រើនមានទុក្ខ ។
* ទោះនៅកណ្ដាលក្ដី ក្បាលក្ដី កន្ទុយក្ដី អោយតែត្រូវលើសូន្យជាមួយគ្នា ក្នុងរូបនាគតែមួយ ទាយ ថា មិនល្អ នឹងមានទុក្ខ ។
សមពង្ស ធាតុ
* សិទ្ធិការ្យ បើចង់ដឹងសមពង្សធាតុ បុរសស្ត្រីទាំងពីរផ្នែកតើត្រូវគ្នា ឬ ខុសគ្នានោះ អោយមើលតាមធាតុកំណើតដូចតទៅនេះ : បើប្រុសធាតុទឹក ស្រីធាតុដែក នៅរួមគ្នា នឹងបានសុខកាយសប្បាយចិត្តត្រជាក់ត្រជុំ ។
* ប្រុសធាតុទឹក ស្រី ធាតុដី នៅជាមួយគ្នា នឹងមានសេចក្ដីស្រឡាញ់ទៅវិញទៅមកច្រើន ។
* ប្រុសធាតុទឹក ស្រីធាតុឈើ ល្អណាស់ នឹងបានបរិបូណ៌ដោយទ្រព្យសម្បត្តិច្រើន ។
* ប្រុសធាតុទឹក ស្រីធាតុភ្លើង ល្អដែរ ប៉ុន្តែច្រើនបៀតបៀនគ្នា ។
* ប្រុសធាតុទឹក ស្រីធាតុដី ល្អណាស់នឹងមាន យសស័ក្តិ ។
* ប្រុសធាតុដី ស្រីក៏ធាតុដី ប្រពៃណាស់នឹងមានបុត្រធីតា នៅរួមគ្នា អាយុយឺនយូរ ។
* ប្រុសធាតុដី ស្រីធាតុទឹក នៅរួមគ្នាមួយឆ្នាំ ទើបបានល្អ មានគេជួយឧបត្ថម្ភ ។
* ប្រុសធាតុដី ស្រីធាតុឈើ នៅជាមួយគ្នាមិនសូវល្អឡើយ ។
* ប្រុសធាតុដី ស្រីធាតុភ្លើង បានល្អចុងដៃ មានទ្រព្យច្រើន ។
* ប្រុសធាតុដី ស្រីធាតុដែក នៅជាមួយគ្នា នឹង មានកូន៧ នាក់ ។
* ប្រុសធាតុឈើ ស្រីធាតុឈើ មិនល្អទេ នៅរួមគ្នាគ្មានផលប្រយោជន៏អ្វីឡើយ ។
* ប្រុសធាតុឈើ ស្រីធាតុទឹក ល្អណាស់នៅរួមគ្នាបានសុខសាន្តមានភោគច្រើន ប៉ុន្តែចិញ្ចឹមកូនលំបាក ។
* ប្រុសធាតុឈើ ស្រីធាតុដី ស្រលាញ់គ្នាណាស់ប៉ុន្តែត្រូវព្រាត់ប្រាស់គ្នា ។
* ប្រុសធាតុឈើ ស្រីធាតុភ្លើង ល្អមានកូនប្រុសមុន តែច្រើនកំព្រា ។
* ប្រុសធាតុឈើ ស្រីធាតុដែក មិនល្អ នៅរួមគ្នាមិនបានយូរ ។
* ប្រុសធាតុភ្លើង ស្រីធាតុភ្លើង អភ័ព្វ ច្រើនតែព្រួយ ។
* ប្រុសធាតុភ្លើង ស្រីធាតុទឹក ដំបូងមិនសូវល្អ ដល់ក្រោយទើបល្អ អាយុយឺនយូរ ច្រើនឈ្លោះគ្នាដោយពាក្យសម្តី ។
* ប្រុសធាតុភ្លើង ស្រីធាតុដី នៅរួមគ្នា ៧ ឆ្នាំ ព្រាត់ ។
* ប្រុសធាតុភ្លើង ស្រីធាតុឈើ មិនល្អច្រើនទាស់វិវាទគ្នា ។
* ប្រុសធាតុភ្លើង ស្រីធាតុដែក មិនល្អ ស្វែងរកទ្រព្យមិនសូវបាន
* ប្រុសធាតុដែក ស្រធាតុដែក ល្អណាស់ នៅរួមគ្នានឹងបានត្រជាក់ត្រជុំ ។
* ប្រុសធាតុដែក ស្រីធាតុទឹក ល្អណាស់ នៅរួមគ្នានឹងបានត្រជាក់ត្រជុំ សុខកាយសប្បាយចិត្ត ។
* ប្រុសធាតុដែក ស្រីធាតុដី នៅរួមគ្នាល្អបរិបូរណ៌ដោយទ្រព្យ ។
* ប្រុសធាតុដែក ស្រីធាតុឈើ នៅរួមគ្នាល្អប្រពៃណាស់ នឹងបានយសស័ក្តិជាឃុននាង ។
* ប្រុសធាតុដែក ស្រីធាតុភ្លើង មិនល្អទេ ច្រើនតែទាស់ទែងជេរបញ្ចោរវាយដំច្រំធាក់គ្នា ។
* ឯធាតុមាសនោះ ចេះតែត្រូវគ្នាទាំងអស់ ហើយល្អគាប់ប្រសើរគ្រប់ៗឆ្នាំ ឥតរើសធាតុឆ្នាំណា ឬឆ្នាំណាឡើយ ។
គ្រឿងសំគាល់ប្រចាំថ្ងៃ ទាំង ៧
លេខ ១ សំរាប់ថ្ងៃ អាទិត្យ ។ លេខ ២ សំរាប់ថ្ងៃ ច័ន្ទ ។ លេខ ៣ សំរាប់ថ្ងៃ អង្គារ ។ លេខ ៤ សំរាប់ថ្ងៃ ពុធ ។ លេខ ៥ សំរាប់ថ្ងៃ ព្រហស្បតិ៍ ។ លេខ ៦ សំរាប់ថ្ងៃ សុក្រ ។ លេខ ៧ សំរាប់ថ្ងៃ សៅរ៍។
គ្រឿងសំគាល់ប្រចាំខែ ទាំង ១២
ខែ ១ សំរាប់ខែ មិគសិរ ។ ខែ ២ សំរាប់ខែ បុស្ស ។ ខែ ៣ សំរាប់ខែ មាឃ ។ ខែ ៤ សំរាប់ខែ ផល្គុន ។ ខែ ៥ សំរាប់ខែ ចេត្រ ។ ខែ ៦ សំរាប់ខែ ពិសាខ ។ ខែ ៧ សំរាប់ខែជេស្ឋ ។ ខែ ៨ សំរាប់ខែ អាសាធ ។ ខែ ៩ សំរាប់ខែ ស្រាពណ៍ ។ ខែ ១០ សំរាប់ខែ ភទ្របទ ។ ខែ ១១ សំរាប់ខែ អស្សុជ ។ ខែ ១២ សំរាប់ខែ កត្តិក ។
គ្រឿងសំគាល់ប្រចាំឆ្នាំ ទាំង ១២
លេខ ១ សំរាប់ឆ្នាំ ជួត ។ លេខ ២ សំរាប់ឆ្នាំ ឆ្លូវ ។ លេខ ៣ សំរាប់ឆ្នាំ ខាល។ លេខ ៤ សំរាប់ឆ្នាំ ថោះ ។ លេខ ៥ សំរាប់ឆ្នាំ រោង។ លេខ ៦ សំរាប់ឆ្នាំ ម្សាញ់ ។ លេខ ៧ សំរាប់ឆ្នាំ មមី។លេខ ៨ សំរាប់ឆ្នាំ មមែ ។ លេខ ៩ សំរាប់ឆ្នាំ វក ។ ខែ ១០ សំរាប់ឆ្នាំ រកា ។ លេខ ១១ សំរាប់ឆ្នាំ ច ។ លេខ ១២ សំរាប់ឆ្នាំ កុរ ។
ទំទាយពីគូស្រកររកស៊ី
បើចង់មើលគូស្រករថា នៅជាមួយគ្នា នឹងធ្វើជំនួញបានលទ្ធផលឬមិនបាន ត្រូវមើលតាមវិធីដូចតទៅនេះ :
ឧបមា ដូចជាប្រពន្ធ ថ្ងៃព្រហស្បតិ៍ លេខ៥ ប្ដីថ្ងៃអាទិត្យ លេខ១,៥បូកនឹង១ ត្រូវជា៦, យក៦គុណនឹង៣ ត្រូវជា១៨, ហើយចែកនឹង៧ ឃើញសេស ៤ ទាយថា នៅរួមគ្នា នឹងមានកិត្តិស័ព្ទ ។
បើថ្ងៃដទៃទៀត ចូររកវិធីតាមថ្ងៃប្ដី ប្រពន្ធ យកមកបូករួមគុណនឹង៣ ចែកនឹង៧ ឃើញសល់ប៉ុន្មាន ចូរទាយដូចតទៅនេះ :
សេស ១ ខ្សត់ទ្រព្យសម្បត្តិ ។ សេស ២ មានកិត្តិស័ព្ទ ។ សេស ៣ ទីទ័លក្រ ។ សេស ៤ ល្មមចិញ្ចឹមខ្លួន ។ សេស ៥ យ៉ាងខ្ពស់ណាស់ ត្រឹមទ្រមាក់សេះ ដំរី ។ សេស ៦ មានទ្រព្យសម្បត្តិច្រើន ។ សេស ៧ រកស៊ីដុះដាលវាលគុម្ពចំរើន ។
ថ្ងៃអាទិត្យ និងថ្ងៃអាទិត្យ មានសេចក្ដីក្ដៅក្រហាយ ។ ថ្ងៃ ច័ន្ទ និងថ្ងៃច័ន្ទ មានទ្រព្យសម្បត្តិ ។ ថ្ងៃ អង្គារ និងថ្ងៃអង្គារ ប្រពន្ធស្លាប់ចោល ។ ថ្ងៃ ពុធ ថ្ងៃពុធ ក្ដៅចិត្តដូចភ្លើង ។ ថ្ងៃ ព្រហស្បតិ៍ និងថ្ងៃព្រហស្បតិ៍ ល្មមចិញ្ចឹមខ្លួនបាន ។ ថ្ងៃ សុក្រ និងថ្ងៃសុក្រ នៅបានសុខត្រជាក់ត្រជុំ ។ ថ្ងៃ សៅរ៍ និងថ្ងៃសៅរ៍ រកស៊ីមានបាន ។
សមពង្សគូរស្រករ
ន័យ មួយទៀត កំលោះក្រមុំដែលបានគ្នាជាប្ដីប្រពន្ធថ្មីៗ បើចង់ដឹងថា នឹងមានសេចក្ដីសុខចំរើនអស់កាលជាយូរអង្វែងឬទេសូមមើលតាមសេសនេះ គឺលោកអោយយកអាយុរបស់គូទាំងពីរនោះ បូកផ្សំគ្នាយក៣គុណ ហើយយក៩ចែក ។
សេស១ មិនល្អ នៅជាមួយគ្នា នឹងក្ដៅក្រហាយជានិច្ច មកពីឈ្លោះប្រកែកគ្នា ។ សេស២ ល្អ នឹងមានទ្រព្យសម្បត្តិច្រើន ។ សេស៣ មិនល្អ នឹងមានជំងឺឈឺចាប់ជានិច្ច ។ សេស៤-៥-៦ ល្អ នៅជាប់គ្នារហូត ដល់អស់មួយជីវិត ថែមទាំងសេចក្ដីសុខចំរើនសំបូណ៍ទ្រព្យសម្បត្តិខ្ញុំកំដរទៀត ។ សេស ៨ មិនល្អ នឹងត្រូវប្រឆាំងគ្នានិច្ច បើមិនដូច្នោះទេនឹងចាកចោលគ្នាដោយហេតុផ្សេងៗ ។ សេស ០ មិនល្អ នឹងត្រូវស្លាប់គ្នាពីក្មេង ។
រកឫក្សថ្ងៃល្អដើម្បីធ្វើការមង្គល
ឫក្សខាងខ្នើត
ថ្ងៃ ១ កើត ការមង្គលល្អ ទៅផ្លូវគោកល្អ ផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ ២ កើត ធ្វើការមង្គល មិនល្អឡើយ ។ ថ្ងៃ ៣ កើត ធ្វើការមង្គល មិនល្អទេ នឹងស្លាប់ចាកគ្នា ទៅរកនាហ្មឺនល្អ ទៅលក់ដូរ នឹងមានលាភ ។ ថ្ងៃ៤ កើត ធ្វើការមង្គលល្អ ទៅផ្លូវគោកល្អផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ៥ កើត ធ្វើការមង្គលល្អ ទៅផ្លូវទឹកខូចខាតទ្រព្យផ្លូវគោកល្អ ។ ថ្ងៃ ៦ កើត ធ្វើការមង្គលល្អ ទៅផ្លូវគោកល្អ ផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ ៧ កើត ធ្វើការមង្គល មិនល្អឡើយ ។ ថ្ងៃ ៨ កើត ធ្វើការមង្គលល្អ ។ ថ្ងៃ ៩ កើត ធ្វើការមង្គលល្អណាស់ ទៅរកអ្នកធំមិនល្អឡើយ ។ ថ្ងៃ ១០ កើត ធ្វើការមង្គលល្អ អ្នកធំនឹងអោយលាភ ។ ថ្ងៃ ១១ កើត ធ្វើការមង្គលល្អសព្វយ៉ាង ។ ថ្ងៃ ១២ កើត ធ្វើការមង្គលមិនល្អ ទៅនៅទីដទៃនឹងមានលាភ ។ ថ្ងៃ ១៣ កើត ធ្វើការមង្គលល្អ ទៅលក់ដូរល្អណាស់ ។ ថ្ងៃ ១៤ កើត ធ្វើការមង្គលមិនល្អឡើយ ។ ថ្ងៃ ១៥ កើត ធ្វើការមង្គលល្អ ទៅលក់ដូរល្អ មានលាភព្រោះអ្នកធំ ។
ឫក្សខាងរនោច
ថ្ងៃ ១ រោច ធ្វើការមង្គលល្អ ទៅលក់ដូរល្អ ។ ថ្ងៃ ២ រោច ធ្វើកាមង្គលមិនល្អឡើយ ។ ថ្ងៃ ៣ រោច ធ្វើការមង្គលមិនល្អទេ កុំធ្វើ ។ ថ្ងៃ ៤ រោច ធ្វើការមង្គលល្អ ទៅរកនាហ្មឺន មិនល្អឡើយ ។ ថ្ងៃ ៥ រោច ធ្វើការមង្គលមិនល្អឡើយ ។ ថ្ងៃ ៦ រោច ធ្វើការមង្គលល្អណាស់ ។ ថ្ងៃ ៧ រោច ធ្វើការមង្គលល្អ ទៅរកនាហ្មឺនល្អ ។ ថ្ងៃ ៨ រោច ធ្វើការមង្គលមិនល្អទេ ទៅលក់ដូរល្អ ។ ថ្ងៃ ៩ រោច ធ្វើការមង្គលល្អ ទៅផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ ១០ រោច ធ្វើការមង្គលមិនល្អទេ នឹងឈឹចាប់ ។ ថ្ងៃ ១១ រោច ធ្វើការមង្គលល្អ ទៅលក់ដូរនឹងមានលាភ ។ ថ្ងៃ ១២ រោច ធ្វើការមង្គលមិនល្អទេ ទៅលក់ដូរមានជោគ ។ ថ្ងៃ ១៣ រោច ធ្វើការមង្គលល្អ នឹងបានជាធំ ។ ថ្ងៃ ១៤ រោច ធ្វើការមង្គល នឹងបានលាភ ។ ថ្ងៃ ១៥ រោច ធ្វើការមង្គលល្អ ទៅលក់ដូរនឹងមានលាភ ។
No comments:
Post a Comment